វិធីធ្វើបង្អែមលតរសជាតិល្ពៅ (មានវីដេអូវិធីធ្វើ)!

108

គ្រឿងផ្សំ៖ ល្ពៅ ៥០០ក្រាម, ទឹកស្អាត ១០០មីលីលីត្រ, អំបិល ១ស្លាបព្រាកាហ្វេ, ម្សៅខ្សាយ ១០០ក្រាម, ម្សៅមី ១០ក្រាម, កំបោរបន្តិចលាយជាមួយទឹក ៣០០មីលីលីត្រ។ គ្រឿងផ្សំទឹកខ្ទិះ៖ ខ្ទិះដូង ៤០០មីលីលីត្រ (ខ្ទិះដូងកំប៉ុងក៏បាន), ទឹកស្ករត្នោតដែលកូរហើយ ២ស្លាបព្រាបាយកន្លះ, អំបិល ១ស្លាបព្រាកាហ្វេ, ស្ករស ១១០ក្រាម, ស្លឹកតើយ ១សន្លឹក។

វិធីធ្វើ៖

១.យកល្ពៅចិតសំបករួចខ្វេះគ្រាប់ចេញឲ្យអស់ យកទឹកដាក់អំបិលចូលយកល្ពៅដាក់ចូលលាងឲ្យស្អាត ហើយយកទៅដាក់ស្ងោររយៈពេល ២០នាទី បន្ទាប់មកស្រង់ចេញយកដាក់កិនជាមួយទឹកស្អាត រួចពូតវាយកទឹក (ប្រើស្បៃសម្រាប់ពូត)

២.បន្ទាប់មកលាយម្សៅខ្សាយ និងម្សៅមីចូលគ្នា ដាក់ទឹកកំបោរចូលបន្តិចឲ្យរាងខាប់ល្មម រួចចាក់ទឹកល្ពៅដែលពូតហើយចូលលាយចូលគ្នាឲ្យសព្វល្អ ហើយចាក់ច្រោះកុំឲ្យដោយកាក រួចហើយយកទៅដាក់រម្ងាស់ប្រើភ្លើងតិចៗកូរវារហូតឡើងជាល្បាយ

៣.រួចហើយយកឧបករណ៍ ឬកំប៉ុងដែលមានរុនតូចៗល្មមសម្រាប់ធ្វើវាឲ្យចេញជាសរសៃលត ចាក់ម្សៅដែលលាយហើយចូល ហើយយកចានធំមួយដាក់ទឹកស្អាតជាមួយទឹកកកដុំតូចៗចូល ៧-៨ដុំសម្រាប់ដាក់លតត្រាំ ដាក់ត្រាំចោលមួយសន្ទុះ។

៤.ធ្វើទឹកខ្ទិះ ដាំឆ្នាំងចាក់ខ្ទិះដូងចូល ដាក់ស្លឹកតើយ, ទឹកស្ករត្នោត, ស្ករស និងអំបិលចូលកូរចូលគ្នាឲ្យសព្វល្អពុះហើយលើកចុះពីចង្ក្រាន។ ពេលទទួលទានស្រង់លតចេញដាក់ចាន រួចស្រូប ទឹកខ្ទិះចូលថែមទឹកកកបន្តិចជាការស្រេច៕

វីដេអូវីធីធ្វើប្រភពពី facebook៖

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE