តៅហ៊ូ មានអត្ថប្រយោជន៍សុខភាព ៥ចំណុច!

68

១-ប្រឆាំងជំងឺប្រព័ន្ធរបត់ឈាមឮ៖សារធាតុ Isoflavine ទទួលបានពីសណ្តែកសៀង ត្រូវបានគេសិក្សាឃើញថា តៅហ៊ូមិនត្រឹមគ្មានកូលេស្តេរ៉ុល ថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយប្រភេទកូលេស្តេរ៉ុលមិនល្អតាមបណ្តោយសរសៃឈាមទៀតផង។

ការកាត់បន្ថយកូលេស្តេរ៉ុលមិនល្អ មានសារៈសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការបង្កជំងឺក្រិនរឹងសរសៃ ឈាម ជំងឺលើសឈាម ជំងឺស្ទះសរសៃឈាម ជាពិសេសជំងឺគាំងបេះដូងនេះឯង។២-ល្អសម្រាប់តម្រងនោម៖សារធាតុប្រូតេអ៊ីនពិសេសៗនៃសណ្តែកសៀងមានសារៈសំខាន់ចំពោះដំណើរការនៃតម្រងនោម ដែលកត្តានេះអាចបណ្តាលមកពីឥទ្ធិពលកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាមផងដែរ។

៣-ប្រឆាំងជំងឺពុកឆ្អឹង៖សារធាតុ isoflavones ដែលទទួលបានពីតៅហ៊ូបានដើរតួនាទីយ៉ាងសំខាន់ដល់ការកាត់បន្ថយហានិភ័យនៃបញ្ហាពុកឆ្អឹង និងបង្កើនដង់ស៊ីតេឆ្អឹងទៀតផង ជាពិសេសចំពោះស្ត្រីអស់រដូវដែលងាយប្រឈមមុខនឹងបញ្ហាសុខភាពឆ្អឹងដោយសារការប្រែប្រួលនៃអរម៉ូន។

សារធាតុរ៉ែសំខាន់ៗមួយចំនួនក៏ទទួលបានពីការហូបតៅហ៊ូផងដែរ ដូចជាកាល់ស្យូម និងជាតិដែក។ កាល់ស្យូមជាសារធាតុមួយដ៏សំខាន់សម្រាប់ការលូតលាស់និងភាពរឹងមាំនៃឆ្អឹងដែលរាងកាយយើងមិនអាចខ្វះបានឡើយ។ រីឯជាតិដែកដើរតួនាទីចម្បងសម្រាប់មុខងារនៃការបំលាស់ប្តូរឧស្ម័ន រៀងរាល់វិនាទីនៃការដកដង្ហើមចេញចូលរបស់យើង។៤-ប្រឆាំងនឹងជំងឺថ្លើម៖ការសិក្សាមួយបានរកឃើញថាការហូបតៅហ៊ូ បានកាត់បន្ថយហានិភ័យនៃជំងឺថ្លើមមួយចំនួន និងការពារកោសិកាថ្លើមពីការខូចខាត តាមរយៈការកំទេចចោលពពួករ៉ាឌីកាល់សេរីដែលមានក្នុងរាងកាយយើង។

៥-ល្អសម្រាប់សុខភាពខួរក្បាល៖ការសិក្សាស្រាវជ្រាវនៅឆ្នាំ២០១៧ បានឲ្យដឹងថា ផលិតផលសណ្តែកសៀងដូចជាតៅហ៊ូជាដើម បានជួយទៅដល់អ្នកជំងឺវង្វេងវង្វាន់ Alzheimer’s ដោយសារប្រភពនៃសារធាតុ Lecithin ដែលសារធាតុមួយប្រភេទនេះបានជួយដល់រាងកាយយើងផលិត សារធាតុ Phospholipids, Phosphatidic acid(PA) និង Phosphatidylserin(PS)។ សារធាតុទាំងបីប្រភេទនេះ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជំរុញដល់មុខងាររបស់ណឺរ៉ូននៃប្រព័ន្ធប្រសាទ៕សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE