គុណប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានទឹកក្តៅឧណ្ហៗជារៀងរាល់ព្រឹក ដែលអ្នកនឹកស្មានមិនដល់!

55

មានមនុស្សជាច្រើនចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការទទួលទានកាហ្វេ ឬតែជារៀងរាល់ព្រឹក ប៉ុន្តែតើវានឹងមានអ្វីកើតឡើង ប្រសិនបើអ្នកកែទម្លាប់របស់អ្នកមកជាការទទួលទានទឹកក្តៅឧណ្ហៗជំនួសវិញនោះ​? ការពិតណាស់ការទទួលទានទឹកក្តៅឧណ្ហៗនៅពេលព្រឹក គឺមានអត្ថប្រយោជន៍ជាច្រើន ដូច្នេះហើយអ្នកគួរតែចាប់ផ្តើមថ្ងៃថ្មីជាមួយការទទួលទឹកក្តៅឧណ្ហៗ ១កែវជារៀងរាល់ព្រឹក។ ខាងក្រោមនេះជាហេតុផល ដែលអ្នកគួរតែទម្លាប់មកទទួលទានទឹកក្តៅឧណ្ហៗ៖

១.ធ្វើឲ្យចលនាឈាមរត់បានល្អ៖ ទឹកក្តៅឧណ្ហៗជួយអ្នកកំចាត់ជាតិពុល និងធ្វើឲ្យចលនាឈាមរបស់អ្នករត់បានប្រសើរឡើងវិញ។
២.ជួយសម្អាតប្រព័ន្ធរំលាយអាហាររបស់អ្នក៖ ទទួលទានទឹកក្តៅឧណ្ហៗ ១កែវ នឹងជួយអ្នកកំចាត់ជាតិពុល ហើយជួយបង្កើនការរំលាយអាហារផងដែរ។ ព្រោះការទទួលទានទឹកត្រជាក់​ បន្ទាប់ពីទទួលទានអាហារធ្វើឲ្យកកជាតិខ្លាញ់ និងបង្កើតឲ្យមានស្រទាប់ខ្លាញ់នៅក្នុងក្រពះរបស់អ្នក។ ប្រសិនបើអ្នកចង់ឲ្យការរំលាយអាហាររបស់អ្នក​ប្រសើរឡើង អ្នកគួរតែចាប់ផ្តើមទទួលទានទឹកក្តៅឧណ្ហៗ។

៣.ជួយកាត់បន្ថយអាការៈឈឺចាប់៖ ទឹកក្តៅឧណ្ហៗ គឺត្រូវបានគេចាត់ទុកថាជាមធ្យោបាយដោះស្រាយដ៏មានប្រសិទ្ធភាព ដែលអាចជួយអ្នកបន្ថយការឈឺចាប់ពេលមករដូវ។ ទឹកក្តៅឧណ្ហៗនឹងជួយសំរាលសាច់ដុំ និងបន្ធូរបន្ថយការរមួលក្រពើរបស់អ្នក។

៤.ជួយដល់ការទល់លាមក៖ អ្នកប្រហែលជាទទួលរងនូវការទល់លាមក និងរមួលក្រពះជាញឹកញាប់ ពីព្រោះតែសរីរាង្គរបស់អ្នកខ្វះជាតិទឹក។ ទទួលទានទឹកក្តៅឧណ្ហៗ ១កែវ រាល់ព្រឹក មុនពេលទទួលទានអាហារពេលព្រឹក ហើយធ្វើឲ្យមុខងារនៃសរីរាង្គរបស់អ្នកធ្វើការបានត្រឹមត្រូវផងដែរ។

៥.ជួយដល់ការសម្រកទម្ងន់៖ ប្រសិនបើអ្នកសាកល្បងនូវរបបអាហារផ្សេងៗ អ្នកត្រូវដឹងថាទឹកក្តៅឧណ្ហៗអាចជួយអ្នកបាន។ ទឹកក្តៅឧណ្ហៗ បង្កើនសីតុណ្ហភាពក្នុងរាងកាយ ជួយបង្កើនល្បឿនការរំលាយអាហាររបស់អ្នក និងដុតបំផ្លាញកាឡូរីបានផងដែរ។

៦.កាត់បន្ថយភាពចាស់៖ មនុស្សជាច្រើនភ័យខ្លាចការមកដល់នៃភាពចាស់។ រឿងល្អដែលអាចជួយអ្នកបាន គឺទឹកក្តៅឧណ្ហៗ។ ជាតិពុលធ្វើឲ្យស្បែករបស់អ្នកឆាប់ចាស់ ដូច្នេះទទួលទានទឹកក្តៅឧណ្ហៗ អាចជួយកំចាត់ជាតិពុលបាន។ ទឹកក្តៅឧណ្ហៗក៏អាចធ្វើឲ្យការបត់បែននៃស្បែករបស់អ្នកកាន់តែប្រសើរឡើង៕

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE