បច្ចេកទេស​ដាំចេក​អំបូង​ឲ្យ​បាន​ផល​ផ្លែ​ធំៗ​ល្អ

200

+ ការរៀបចំ​ដី​៖
– ភ្ជួរ​រាស់​ដី​លើក​ទី​១ ដើម្បី​សំលាប់​ស្មៅ ១០​ថ្ងៃក្រោយ​ត្រូវ​ភ្ជួរ​រាស់​ម្ដងទៀត ។​

+ ការរៀបចំ​ដាំ​៖
– ទុកចន្លោះ​ពី​រង និង​ដើម​នីមួយៗ​ចម្ងាយ ២ ម៉ែត្រ​
– ជីករណ្ដៅ​ទំហំ ៨​តឹក​x ៨​តឹក x ជម្រៅ​៣​តឹក​
– ដាក់​ជី​កំ​ប៉ុស្តិ៍ ៥​គីឡូក្រាម​ក្នុង​១​រណ្ដៅ លាយ​ជាមួយ​កំទេច​ស្លឹកឈើ និង​លាមក​សត្វ​ស្ងួត បន្ទាប់មក​កាយ​ដី​គ្រប ពីលើ​
– យក​កូន​ចេក​ដែលមាន​កម្ពស់​ប្រមាណ​៣​តឹក ដែលមាន​ដុះ​ស្លឹក​ប្រមាណ​៣​ធាង​សម្រាប់ដាំ
– ដាក់​ដាំ​កូន​ចេក​នៅ​ចន្លោះ​កណ្ដាល​នៃ​រណ្ដៅ​រួច​លប់​ដី​បំពេញ​រន្ធ​សម្រាប់​ដាំ ហើយ​ត្រូវ​ដាំ​កូន​ចេក​ទាំងអស់​បែរ​ទៅ ទិស​តែមួយ (​មើល​តាម​ស្លឹក​ធាង​ដំបូង​) ដើម្បី​ងាយស្រួល​ប្រមូល​ផល ។​
– ពេល​ដាំ​រួច​ដាក់​ចំបើង​គ្រប​ជុំវិញ​គល់​របស់​វា​រួច​ស្រោច​ទឹក ។​
+ ការថែទាំ​៖
– ស្រោច​ទឹកជា​ប្រចាំ​នៅពេលដែល​មើលឃើញថា​វា​ស្ងួត យើង​អាច​ជីកដី​ជម្រៅ​ចុះក្រោម​១​តឹក​កន្លះ​ថា តើ​វា​ស្ងួត ឬ​អត់​
– នៅពេល​វា​អាយុ​បាន ១​ខែ ដក់​ជី 10-5-15 ឬ 10-0-20 ៨០​ក្រាម​ក្នុង ១​ដើម​
– នៅពេល​វា​អាយុ​បាន ៣​ខែ ដាក់​ជី 10-5-15 ឬ 10-0-20 ២៥០​ក្រាម​ក្នុង ១​ដើម​
– នៅពេល​វា​អាយុ​បាន ៤​ខែ ដាក់​ជី​កំ​ប៉ុស្តិ៍ ដើម្បី​ជំនួយការ​លូតលាស់ និង​ជំនួយ​ផ្លែ​ឲ្យ​ឆ្ងាញ់ និង​ត្រូវ​ថ្វើ​ការសម្អាត ស្មៅ​ជាប្រចាំ​
– រយៈពេល ៥​ខែ​បន្ទាប់ពី​ការដាំ​ត្រូវ​ចង​បង្គោល​សម្រាប់​ទប់​ដើម​ចេក ការពារ​ការបាក់​ដើម​នៅពេល​វា​ផ្លែ ។​
– នៅពេល​វា​មាន​អាយុ​៦​ខែ​ត្រូវ​ជីក​កូន​វា​ចេញ​យកទៅ​ដាំ​កន្លែង​ផ្សេង ដើម្បី​កុំ​ឲ្យ​វា​ដណ្ដើម​សារធាតុចិញ្ចឹម​ពី​ដើម ដោយពេល​ជីក​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ប៉ះពាល់​ដើម​របស់​វា
– នៅពេល​វា​អាយុ​បាន ៦​ខែ​ដាក់​ជី 10-0-10 ឬ 10-0-20 ៧០ ក្រាម​ក្នុង​១​ដើម​
– នៅពេល​វា​អាយុ​បាន ៧​ខែ ជា​ពេលដែល​វា​ចាប់ផ្ដើម​មាន​ត្រ​យោង ដាក់​ជី 10-0-00 ៥០-១០០​ក្រាម​ក្នុង​មួយ​ដើម ។​
– ត្រូវ​កាត់​ស្លឹក​ណា​ដែល​រាង​ទុំ​លឿង​ចេញ ដើម្បី​ឲ្យ​វា​មាន​សារធាតុ​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ដើម និង​ផ្លែ ។​
– យក​ថង់​ប្លា​ស្ទិ​ច ឬ​ការុង​ពណ៌​ខៀវ​ចង​ស្រោប​ត្រ​យោង​ចេក ១៥​ថ្ងៃ មុននឹង​ធ្វើការ​កាត់​ប្រមូល​ផល ដើម្បី​ឲ្យ​វា​មាន ពណ៌​ស្រស់ស្អាត និង​ការពារ​ពី​សត្វ​ផ្សេងៗ​ផងដែរ​ដោយ​ទុក​ចំហរ​ផ្នែក​ចុង​ខាងក្រោម​បន្តិច។
– កាត់​ចុង​ត្រ​យោង​ចេក​ចោល​នៅពេលដែល​វា​ចេញ​ផ្លែ​ដែល​ថ្លោស​ល្អ​អស់ហើយ ។​
+ ការប្រមូល​ផល​៖
– រយៈពេល​ប្រមាណ ១០​ខែ​យើង​អាច​ចាប់ផ្ដើម​ប្រមូល​ផល​បាន ។​
– នៅពេលដែល​ប្រមូល​ផល​ពី​ដើម​ចេក​ណាមួយ​ហើយ​យើង ត្រូវ​កាត់​ដើម​នោះ​ចោល​ដោយ​ទុក​កម្ពស់​ប្រមាណ ១,៥ ម៉ែត្រ​ពី​ដី ដើម្បី​កុំ​ឲ្យ​វា​ដណ្ដើម​ជីវជាតិ​ពី​ដើម​ដ៏​ទៃ ។​
– ការ​កាត់​បែបនេះ ដើម្បី​ឲ្យ​ចេក​ចេញ​កូន​ពន្លក​ថ្មីៗ​ច្រើន​បន្ថែមទៀត​ដែល​អាច​ឲ្យ​យើង​ជីក​យក​កូន​របស់​វា​ដាំ បន្តទៀត ។​
– បន្ទាប់ពី​ប្រមូល​ផល​អស់ហើយ​យើង​ត្រូវ​ដាំចេក​ដោយ​ជី​រណ្ដៅ​ថ្មី​ផ្សេង​ពីរ​ណ្ដៅ​ចាស់ ហើយ​គល់​ចេក​នៅ​រណ្ដៅ ចាស់​វា​រលួយ​ក្លាយជា​ជី​សម្រាប់​ចេក​ថ្មី​បាន​ផងដែរ ៕
ប្រភពៈ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE