វិធីសាស្រ្តក្នុងការដាំដុះ ប្រមូលផល និងការថែរក្សាទុកការ៉ុតឲ្យបានយូរ

107

ការ៉ុត​ជា​ដំណាំ​បន្លែ​យក​មើម​មួយ​ប្រភេទ ដែល​កសិករ​យើង​និយម​ដាំ​ខ្លះ​ដែរ។ ​យើង​មាន​បទពិសោធន៍​មួយចំនួន​ស្តីពី​ការប្រមូល​ផល និង​ថែរក្សា​ទុក​ការ៉ុត​ឲ្យបាន​យូរ ​យើងនឹងចែកជូន​ទុក​ជា​គំនិត​សំរាប់​សាកល្បង។ ជាទូទៅ​ការ៉ុត​មាន​រយៈពេល​លូតលាស់ ៣ ទៅ ៣ខែ​កន្លះ បើ​យើង​ដាំ​នៅ​រដូវវស្សា បើ​ដាំ​នៅ​រដូវប្រាំង អាច​មាន​រយៈពេល​ដល់​ ៤ខែ ទើប​ប្រមូល​ផល​បាន។​

ចំពោះ​ការប្រមូល​ផល​ជា​លើកដំបូង យើង​ត្រូវ​ពិនិត្យ​ទៅលើ​អាយុកាល​នៃ​ការ​ដុះ​លូតលាស់​របស់​វា បើ​ដល់​អាយុ​ហើយ យើង​ត្រូវ​​ពិនិត្យ​ទៅលើ​លក្ខណៈ​ដង​ដើម​របស់​វា​ទៀត ដូចជា​ស្លឹក​ទី១ ឬ​ទី២ ក្បែរ​គល់ ប្រែ​ពី​ពណ៌​បៃតង​ទៅ​ជា​ពណ៌​លឿង បើ​សង្កេត​ឃើញ​លក្ខណៈ​​បែបនេះហើយ គឺ​យើង​អាច​ប្រមូល​ផល​បាន។​

ការប្រមូល​ផល គឺ​ត្រូវ​ធ្វើឡើង​ដោយ​ដៃ​ចាប់ដក​ដើម​ពី​ក្នុង​ថ្នាល រួច​ហើយ​ប្រមូល​ដាក់​ម្តុំ បន្ទាប់មកកាត់​ឫសកែវ ឬ​ឫស​ជាប់​ដើម​​ចេញ​ខ្លះ រួច​កាត់​ដើមដោយ​ទុក​ចំងាយ​ពី​មើ​ម ២ ទៅ ២តឹក​កន្លះ ។​ ក្រោយ​ពី​ប្រមូល​ផល និង​កាត់​ដើម​ឫស​ចេញ​ហើយ យើង​ត្រូវ​រៀប​ចែក​វា​ជា ៣ផ្នែក ​គឺ​ផ្នែក​ទី១ ជ្រើសរើស​មើម​ធំ​ដាក់​ម្តុំ និង​ទី​២ ​មើម​ធំ​ល្មម និង​ទី៣ មើម​ដែលមាន​ខ្នែង។​

ប្រសិនបើ​យើង​ដក​ភ្លាម​យកទៅ​លក់​ភ្លាម យើង​អាច​លាង​ទឹក​មើម​បាន។ ប៉ុន្តែ​ការលាង​ទឹក​មិន​អាច​ធ្វើឲ្យ​យើង​រក្សាទុក​បាន​យូរ​ទេ ​គឺ​បាន​ត្រឹមតែ ៤ ទៅ ៥ថ្ងៃ​ប៉ុណ្ណោះ លើសពី​នេះ​វា​អាច​ខូចគុណភាព​ដោយ​ធ្វើឲ្យ​មើម​រលួយ។ ដោយឡែក​គេ​អាច​រក្សាទុក​ការ៉ុត​បាន​រយៈ​​ពេល ២០ថ្ងៃ ដោយ​យក​ដីខ្សាច់​ក្រាល​នៅ​បាត​កញ្ឆេ (​យក​កញ្ឆេ​ដែលមាន​ប្រហោង​ខ្យល់​ចេញចូល​) កំរាស់ ១តឹក។​

បន្ទាប់មក​យក​ការ៉ុត​ដែល​បាន​ប្រមូល​ផល និង​សំអាត​រួច​ទៅ​តំរៀប​ដាក់​ពីលើ​ដីខ្សាច់​កំពស់ ៤តឹក ទើប​យក​ក្រណាត់​ដែល​ជក់​ទឹកជ្រលក់​ទឹក​​ឲ្យ​សើមៗ គ្របពីលើ។ បើ​ក្រណាត់​ស្ងួត​យើង​ត្រូវ​បាញ់​ទឹក​ផ្សើម​ក្រណាត់ឲ្យ​ជាប់​ជានិច្ច។ ការធ្វើ​បែប​នេះ​យើង​អាច​រក្សា​ទុក​បាន​រហូត​ដល់ ២០ថ្ងៃ ដោយ​មិន​ខូច​គុណភាព។

សរុបមកដើម្បី​រក្សា​ការ៉ុត​ទុកឲ្យ​បាន​យូរថ្ងៃ ដោយ​មិន​ខូច​គុណភាព​ត្រូវ​អនុវត្ត​នូវ​ចំណុច​មួយចំនួន​ដូចខាងក្រោម៖

-ពេល​ប្រមូល​ផល​ហើយ ត្រូវ​កាត់​សម្អាត​មើម​តាមរបៀប​ខាងលើ​

-​ចង់​រក្សា​ទុកឲ្យ​បានយូរ មិន​ត្រូវ​លាង​ទឹក​សម្អាត​មើម​ទេ ក្រោយពេល​ប្រមូល​ផល​

-យក​ស្លឹកចេក ឬ​រុក្ខជាតិ​ផ្សេងៗ​ទ្រាប់​នៅ​បាត​កញ្ឆេ បន្ទាប់មក​យក​ដីខ្សាច់​សើម​កំរាស់ ១តឹក ក្រាល​ពីលើ ទើប​យក​ការ៉ុត​មក​តំរៀប​ដាក់​​បញ្ច្រាស់​គ្នា​កំពស់ ៤តឹក។​

-យក​ក្រណាត់​សើម​ជក់ទឹក​គ្របពីលើ​

-ពេល​ក្រណាត់​ស្ងួត​ត្រូវ​ប្រោះ​ទឹក​ឲ្យ​សើ​មជាប់​ជានិច្ច​រហូតដល់​ពេល​ប្រមូល​ផល​៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE