វិធីធ្វើសម្លម្ជូរគ្រឿងសាច់គោ!

116

គ្រឿងផ្សំ៖ សាច់គោ កន្លះគីឡូ ហាន់ស្តើងៗល្មម, ត្រកួនខ្ចី ១បាច់តូច កាត់ខ្លីៗល្មម, គឿងបុក ២ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច, រមៀត, រំដេង, ខ្ទឹមស និងខ្ទឹមក្រហម បុកចូលគ្នា), ម្ជូរសណ្តាន់ ឬទឹកអំពិលទុំ បន្តិច, ប្រហុកសាច់ កន្លះស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ១ចុងស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាកាហ្វេ, ប្រេងឆា ២ស្លាបព្រាបាយ, ទឹក ៣-៤កូនចាន, ស្លឹកកន្រ្ទោបអាំង, ម្ទេស។

វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ប្រេងឆាចូលបន្តិច ដាក់គ្រឿងបុក និងប្រហុកសាច់ចូលរំលីងចូលគ្នាឲ្យឈ្ងុយ រួចដាក់សាច់គោច្របល់ចូលគ្នា

២.បន្ទាប់មកដាក់ម្ជូរសណ្តាន់ ឬទឹកអំពិលទុំ រួចដាក់ទឹកត្រី, ម្សៅស៊ុប និងស្ករស ចូលច្របល់ចូលគ្នា បិតគម្របឆ្នាំងទុកឲ្យពុះបន្តិច ហើយចាក់ទឹកចូលរម្ងាស់ដោយប្រើភ្លើងតិចៗមួយសន្ទុះឲ្យសាច់គោផុយ ហើយភ្លក្សមើលល្មមតាមចំណូលចិត្ត

៣.រួចហើយចាំពេលរៀបចំទទួលទានចាំដាក់ត្រកួនចូលទុកមួយរំពុះ ទើបនៅពណ៌បៃតងស្រស់ ហើយមានរសជាតិឆ្ងាញ់មិនរលួយពេក បន្ទាប់មកដាក់ស្លឹកកន្ទ្រោបអាំង និងម្ទេសចូលតាមចំណូលចិត្ត រួចជាការស្រេច៕

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE