អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង​ជួយ​កុំឱ្យ​មាន​ខ្លាញ់​ក្នុង​សរសៃឈាម

356

ការ​ជ្រើសរើស​ចំណីអាហារ​យក​មក​បរិភោគ គឺជា​កត្តា​សំខាន់ ព្រោះ​អាហារ​មួយ​ចំនួន​អាច​បង្ក​ឲ្យ​កើត​មាន​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​បេះដូង បង្ក​ទៅ​ជា​ធាត់​ដុះពោះ​កំប៉ោង ទៅ​ជា​ជំងឺលើសឈាម ទឹកនោមផ្អែម និង​ខ្លាញ់​ក្នុង​បេះដូង​ជា​ហេតុ​ប្រឈម​នឹង​ឱកាស​គ្រោះថ្នាក់​ខ្លាំង ។

ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ឈឺ ប្រកប ឯកទេស​ផ្នែក​ជំងឺ​បេះដូង និង​ជា​អនុប្រធាន​ផ្នែក​ជំងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ការ​ហូប​អាហារ​ជា​រឿង​សំខាន់​ណាស់ ដែល​លោក​អ្នក​គួរតែ​យកចិត្តទុកដាក់ ។ បច្ចុប្បន្ន​យើង​ឃើញ​ថា ប្រទេស​កម្ពុជា​បាន​នាំ​ចូល​អាហារ​ជា​ច្រើន​ប្រភេទ​មក​ពី​ក្រៅប្រទេស ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ជាក់ស្តែង​ដូច​ជា​អាហារ​ដែល​មាន​សារជាតិ​ខ្លាញ់​ច្រើន ជា​ពិសេស​គឺ​ភ្លៅ​មាន់​បំពង និង​អាហារ​សម្រន់​ផ្សេង​ទៀត ដែល​ភាគច្រើន​គឺ​យុវវ័យ និង​កុមារ​តូច​ៗ​ចូល​ចិត្ត​ទទួលទាន ។ ប៉ុន្តែ​បើសិនជា​លោក​អ្នក​ចូល​ចិត្ត​ពិសា​អាហារ បំពង ចៀន​ឆា​បែប​នេះ គឺជា​កត្តា​បង្ក​ឲ្យ​កើត​មាន​ជំងឺ​ធាត់ និង​ឈាន​ទៅ​រក​ការ​កើត​ជំងឺ​ខ្លាញ់​ក្នុង​បេះដូង ជំងឺលើសឈាម ទឹកនោមផ្អែម និង​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

ដូច្នេះ​ដើម្បី​ចៀស​ផុត​ពី​ការ​កើត​មាន​ជំងឺ​ទាំងនេះ​លោក​អ្នក​គួរតែ​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ងាក​មក​ទទួលទាន​អាហារ​ដែល​មាន​សរសៃ​ច្រើន ដូច​ជា ក្រអៅឈូក ព្រលឹត ស្ពៃ បន្លែ​បៃតង សណ្តែកសៀង ផ្លែ​ឈើ និង​សាច់​ត្រី​ជាដើម​ឲ្យ​បាន​ច្រើន​ទើប​ជា​ការ​ប្រសើរ​។
មួយវិញទៀត​លោក​អ្នក​គប្បី​ឆ្លៀតពេល​ធ្វើ​លំ​ហាត់ប្រាណ ដើម្បី​ឲ្យ​សុខ​ភាពរឹងមាំ​និង​ចៀស​ផុត​ជំងឺ​លើស​ទម្ងន់ ៕

 

SHARE