វិធីធ្វើផ្អកមើមដំឡូងឈើ ដំឡូងជ្វា និងស្លឹកជាចំណីដ៏ល្អសម្រាប់ជ្រូក មាន់ ទា!

362

យើង​អាច​ប្រើប្រាស់​ដំឡូង​ទាំងពីរ​ប្រភេទ​បាន​គឺ ទាំង​ដំឡូងជ្វា និង​ដំឡូងឈើ (​យើង​អាចធ្វើ​ផ្អក​មើម និង​ស្លឹក តែ​ត្រូវធ្វើ​ផ្សេងៗ​គ្នា​) ។​
+ ​វត្ថុធាតុដើម​៖
– មើម​ដំឡូងឈើ​– មើមដំឡូង​ជ្វា​–ស្ករ​កាក​អំពៅ (Molasses)– ពាង​ដី ឬ​ធុង​ជ័រ សម្រាប់​ផ្អាប់ ។​+ វិធី​ធ្វើ​៖
– ដំបូង​យើង​យក​ពាង​មួយ​ស្អាត (​ពាង​ដី​ដាក់​ថង់​ប្លា​ស្ទីក​ខាងក្នុង ពាង​ធម្មតា​បើ​គ្មាន​ពាង​ដី​) មក​លាង​ឲ្យ​ស្អាត ។​– បក​ដំឡូងឈើ​យក​សំបក​ចេញ រួច​លាង​ទឹក​វា​ឲ្យ​ស្អាត​សារជាថ្មី ដាក់​ដំឡូង​ដែល​បាន​លាង​រួចហើយ​នេះ​ហាល​នៅលើ​កន្ទេល​ផុតពី​ដី ដើម្បី​ស​ម្ងួ​ត​ជាតិ​ទឹក​ខ្លះ​ចោល និង​ដើម្បី​បន្សាប​ជាតិពុល​នៅក្នុង​នោះ​ខ្លះ​ចោល​ចេញ ។​
– ប្រើប្រាស់​ចានដែក​មួយ​ធំ​ល្មម​សម្រាប់​ដាក់​ស្ករ​កាក​អំពៅ (ដំឡូង​ចំនួន 10Kg ត្រូវការ​ស្ករ​កាក​អំពៅ 2Kg) ។​
– ប្រឡាក់​ស្ករ​កាក​អំពៅ​នេះ​ជាមួយ​ដំឡូង​ឲ្យ​សព្វ​ល្អ​រួច​ដាក់​វា​តម្រៀប​ចូលក្នុង​ពាង ឬ​ថង់​ប្លា​ស្ទីក​រហូត​ដំឡូង ដែល​យើង​ត្រូវ​ប្រើការ​បាន​ប្រឡាក់​អស់​ស្ករ​ដែល​សល់ (​បើ​មាន​ត្រូវ​កៀរ​ដាក់ចូល​ឲ្យ​អស់​)​។​– ចង​មាត់​ពាង​ឲ្យ​ជិត​បើ​ប្រើ​ថង់​ប្លា​ស្ទីក​វិញ ត្រូវ​ចងវា​ឲ្យ​ជិត​ដែរ តែ​ត្រូវ​ច្របាច់​យក​ខ្យល់​ចេញ​ឲ្យ​អស់​សិន ។​
– រក្សា​វា​ទុក​នៅ​ទីកន្លែង​មួយ​ដែល​មិនមាន​ពន្លឺ​ថ្ងៃ មាន​សីតុណ្ហភាព​ត្រជាក់​ល្មម​ប្រមាណ ២៥-៣០ អង្សា ។ យើង​ត្រូវ​រក្សា​វា​ទុក​បែបនេះ​ចំនួន ២​សប្តាហ៍​យ៉ាង​ជិត​បំផុត​មុន​ដាក់​ឲ្យ​ជ្រូក​ស៊ី ការ​ផ្អាប់​នេះ​ត្រូវធ្វើ​ឲ្យ​បានយូរ​ទើប​ជាការ​ល្អ ដើម្បី​ឲ្យ​វា​បង្កើន​ប្រូតេអ៊ីន​បាន​ច្រើន ។​+ ចំពោះ​ស្លឹក​ដំឡូង​វិញ យើង​អាច​ធ្វើតាម​វិធី​ដូចគ្នា ប៉ុន្តែ​ស្ករ​កាក​អំពៅ​ត្រូវ​យកមក​លាយ​ជាមួយ​ទឹកស្អាត ក្នុង​កំរិត​ទឹក ១​លីត្រ ដាក់​ស្ករ 1Kg (១=១) បាញ់ស្រោច​លើ​ស្លឹក​ដំឡូង​ឲ្យ​សព្វ​ល្អ​បន្ទាប់ពី​បាញ់​ទឹក​ស្ករ​រួច ត្រូវ​ច្របល់​វា​ឲ្យ​សព្វ​ល្អ​ទើប​ច្រក​ដាក់​ក្នុង​ធុង ឬ​ពាង​ទុក​ប្រើការ យើង​ត្រូវ​ផ្អាប់​វា​ទុក​បែបនេះ​ចំនួន ៤​សប្តាហ៍ មុនពេល​យកមក​ធ្វើជា​ចំណី​ឲ្យ​មាន់ ទា ជ្រូក ស៊ី ។​
​ប្រសិទ្ធិភាព​របស់​ផ្អក​ដំឡូង​នេះ​គឺ ប្រសើរ​ច្រើនជាង​វិធី​ដទៃ វា​ងាយស្រួល​រក និង​មាន​តម្លៃថោក ។ បើ​យើង​មិនអាចរ​កស្ករ​កាក​អំពៅ​បានទេ យើង​អាច​ប្រើ​ទឹកត្នោត​ក៏បាន តែ​ត្រូវ​ដាំ​វា​ឲ្យ​ពុះ​សិន​មុន​យកមក​ប្រើការ ៕​
ប្រភពៈ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE