វិធីសាស្ត្រងាយៗបណ្តុះផ្សិតចំបើងនៅក្នុងកញ្រ្ចែង

581

១. ឧបករណ៍បណ្តុះផ្សិតចំបើង
– ចំបើងស្អាត និងស្ងួតចិញ្ច្រាំ ៥០គីឡូក្រាម
– ម្សៅអង្ករដំណើប និងម្សៅពោត ១គីឡូក្រាម ដូចគ្នា
– ទឹកជី EM ២៥០មីលីលីត្រ
– លាមកគោហាលស្ងួតម៉ដ្ឋ សំបកសណ្តែកសៀង សណ្តែកបាយ ដើមចេក កំប្លោកចិញ្ច្រាំ កន្ទក់ម៉ដ្ឋ យក៥គីឡូដូចៗគ្នា។
២. វិធីសាស្រ្តក្នុងការអនុវត្តន៍
– លាយចំបើង លាមកគោ សំបកសណ្តែកសៀង សណ្តែកបាយ ដើមចេក កំប្លោកចិញ្ច្រាំ កន្ទក់ម៉ដ្ឋ លាយឲ្យសព្វចូលគ្នារហូតក្លាយជាល្បាយ ។
– លាយម្សៅអង្ករដំណើបជាមួយទឹកជី EM ២៥០មីលីលីត្រ សម្រាប់បរិមាណទឹកដែលអាចស្រោចឲ្យសើមល្បាយខាងលើបាន ៦០ភាគរយ ច្របល់ឲ្យសព្វ រួចទុក ១ម៉ោង ។
– យកល្បាយមកញាត់ចូលក្នុងកញ្ច្រែង (ទំហំមានអង្កត់ផ្ចិតប្រមាណ៥តឹក) ដាក់ជាន់ទី១ កម្ពស់ ២តឹក ហើយត្រូវដាក់ឲ្យណែន រួចយកលាមកគោស្ងួតទៅរោយបន្ថើរៗពីលើ បន្ទាប់មករោយម្សៅពោត និងមេផ្សិតបន្ថើរៗពីលើបន្ថែម និងដាក់កំប្លោកពីលើមួយជាន់ទៀត ។ ត្រូវអនុវត្តន៍បែបនេះចំនួន ៣ជាន់ ដូចៗគ្នា ។
– យកកញ្ច្រែងដែលបានដាក់បណ្តុះរួចនោះទៅដាក់នៅក្រោមដើមឈើ ឬកន្លែងដែលមានម្លប់ រួចធ្វើគ្រោងឫស្សីរាងកោងសម្រាប់ដាក់គ្របដំបូលថង់ប្លាស្ទិចកម្ពស់ ១ម៉ែត្រ ការពារកុំឲ្យលិចទឹក ហើយសង្កត់អោយហប់ កុំអោយរបើកតាមខ្យល់ និងធ្វើដំបូលស្លឹកដូង ឬស្លឹកត្នោតខាងលើមួយជាន់បន្ថែមទៀត ។
៣. ការថែទាំរបស់ផ្សិតចំបើង
– ជាទូទៅផ្សិតអាចដុះបានល្អនៅសីតុណ្ហភាព ៣០-៣២អង្សា មួយអាទិត្យម្តងយើងត្រូវបើកផ្ទាំងក្រណាត់ចេញ ប្រស់ទឹកអោយសើមចំបើងផ្អួរៗតិចៗ ហើយគ្របទុកវិញ តែកុំប្រស់ទឹកច្រើនហួសប្រមាណ នោះវានឹងនាំអោយផ្សិតរលួយកូន មិនអាចដុះចេញមកបានឡើយ ។
– ក្នុងរយៈពេលពីរអាទិត្យ ផ្សិតនឹងចាប់ផ្តើមដុះចេញកូនតម្រៀបគ្នា។ បើសិនជាមានផ្សិតធំល្មម អាចបេះបាន សូមបេះចេញ ដើម្បីទុកកន្លែង អោយផ្សិតដុះថែមទៀត នៅថ្ងៃបន្តបន្ទាប់មក ។ រយៈកាលបេះផល គឺរវាងចុងអាទិត្យទីពីរ រហូតដល់ពេញអាទិត្យទី៤ ។
ចូលអាទិត្យទី៥ ឬ ទី៦ ផ្សិតនឹងថមថយលែងដុះ យើងអាចរើយកយកចំបើងនោះមកជ្រលក់ទឹកដែលលាយខាងលើ ប្រស់ជីរលាមកគោ មេផ្សិត និងម្សៅពោតសាជាថ្មីបន្ថែមទៀតបាន ។
ទាំងអស់នេះជាវិធីសាស្ត្រងាយៗបំផុតសម្រាប់បណ្តុះផ្សិតចំបើងទទួលទានដោយខ្លួនឯង និងអាចសេសសល់លក់ទៅកាន់ទីផ្សារបានផងដែរ ដូច្នេះមិនថាជាប្រជានជនធម្មតា ឬជាកសិករនោះទេ អាចអនុវត្តន៍វិធីសាស្ត្រខាងលើនេះបាន ដើម្បីទទួលបានផលយ៉ាងអស្ចារ្យពីបន្លែមួយប្រភេទនេះ ៕
ប្រភពៈ កោះថ្មី
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE